បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់នៅថ្ងៃពុធនេះថា ការចាប់ឆ្នោតចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020 នេះនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។ ប៉ុន្តែទីកន្លែង និងរូបមន្តប្រកួតមិនទាន់បញ្ជាក់នៅឡើយ។
ចុងឆ្នាំ២០២០ សហព័ន្ធបាល់ទាត់អាស៊ានបានប្រកាសថា AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការលើកពេលប្រកួតដោយសារជំងឺកូវីដ-១៩។ ឯកឧត្ដម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា «យើងមានសេចក្ដីសោមនស្សរីករាយ សូមប្រកាសកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការ សម្រាប់ការប្រកួតឆ្នាំនេះ។ ខណៈដែល AFF មានគោលបំណងពេញលេញក្នុងការរៀបចំការប្រកួត ក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងដី (Home) និងក្រៅដី (Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត។
ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្ដាល (Centralized Venues) រួមមួយសម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។ ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន ២០១៨ ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ១ និងចាញ់៣។ វៀតណាមជាម្ចាស់ជើងឯកក្រោយឈ្នះម៉ាឡេស៊ី ១ទល់នឹង០ វគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ គង់ ហួន