អង់គ្លេស ៖- ប្រមុខយោធាជាន់ខ្ពស់មួយរូប បាននិយាយថា ចក្រភពអង់គ្លេស បានអស់សម្ភារៈសឹក ដើម្បីបរិច្ចាគដល់ប្រទេសអ៊ុយក្រែន ហើយប្រទេសផ្សេងទៀត គួរតែឈានជើងចូល និងទទួលបន្ទុកនេះបន្ថែមទៀត។
ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីលោក បេន វ៉ាល់លេស (Ben Wallace) បានបង្ហាញថា ខ្លួនបានស្នើលោកនាយករដ្ឋមន្ត្រីរីស៊ី ស៊ុនណាក់ ( Rishi Sunak) ចំណាយប្រាក់២,៣ពាន់លានផោនបន្ថែមទៀត លើការគាំទ្រសម្រាប់អ៊ុយក្រែន មុនពេលដែលខ្លួនបានលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែមុន។
លោកវ៉ាល់លេស បានព្រមានថា ចក្រភពអង់គ្លេស ត្រូវបានវ៉ាដាច់ដោយប្រទេសអាល្លឺម៉ង់ក្នុងនាមជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតរបស់អឺរ៉ុបដល់អ៊ុយក្រែន ខណៈដែលលោកបានអំពាវនាវឲ្យមានការបង្កើន ៥០ភាគរយលើការផ្តល់មូលនិធិ ដែលចក្រភពអង់គ្លេស បានសន្យារហូតមកដល់ពេលនេះ។
សម្ព័ន្ធភាពលោកខាងលិច បានទទួលរងនូវការវាយប្រហារជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងការគាំទ្រសម្រាប់អ៊ុយក្រែន បានធ្លាក់ចុះពីច្បាប់ថវិកាសម្រាប់ប្រើប្រាស់បណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ភាពជោគជ័យនៃការបោះឆ្នោតសម្រាប់គណបក្ស ដែលគាំទ្ររុស្ស៊ី នៅប្រទេសស្លូវ៉ាគី និងជម្លោះរវាងប៉ូឡូញ និងទីក្រុងគីវជុំវិញការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។
