អ៊ីរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tehran កាលពីថ្ងៃចន្ទ (២ តុលា) ថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដរាបណាសហរដ្ឋអាមេរិកអាចបង្ហាញពីឆន្ទៈនយោបាយគ្រប់គ្រាន់។
លោក Kanaani បាននិយាយថា «ប្រសិនបើសហរដ្ឋអាមេរិកត្រឡប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងលក្ខណៈម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ នោះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញទំនួលខុសត្រូវរបស់យើង ហើយបន្តការចរចាឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ការចរចាគឺទាក់ទងតែកិច្ចព្រមព្រៀងនុយក្លេអ៊ែរប៉ុណ្ណោះ ហើយនឹងមិនកំណត់កិច្ចខិតខំប្រឹងប្រែងការទូតផ្សេងទៀតរបស់អ៊ីរ៉ង់ឡើយ»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រឡប់មកតុចចារវិញតាមរយៈបណ្តាញការទូត។ ប៉ុន្តែលោកក៏បានចង្អុលបង្ហាញថា អ៊ីរ៉ង់នឹងការពារផលប្រយោជន៍របស់ខ្លួន និងស្វែងរកការដកទណ្ឌកម្មទាំងស្រុង។ លោក Kanaani ក៏បានថ្កោលទោសប្រតិបត្តិការយោធារបស់អាមេរិក ក្នុងប្រទេសស៊ីរីថាជារឿងខុសច្បាប់ និងទាមទារឱ្យមានការដកទ័ពចេញពីប្រទេសស៊ីរីផងដែរ។
គួររម្លឹកផងដែរថា យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពរួមទូលំទូលាយ (JCPOA) អ៊ីរ៉ង់បានប្តេជ្ញាចិត្តកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម មិនលើសពីកម្រិត៣,៦៧ភាគរយ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។
កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ ហើយក្រោយមកបានបញ្ចូលឡើងវិញ និងបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ៕

