
សារព័ត៌មាន Financial Times របស់ប្រទេសអង់គ្លេស នៅថ្ងៃអង្គារ (ទី៣ ខែតុលា) នេះ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានប្រាប់ឲ្យប្រទេសកាណាដាធ្វើមាតុភូមិនិវត្តន៍អ្នកការទូតចំនួន ៤១នាក់ ត្រឹមថ្ងៃទី១០ ខែតុលានេះ។
ការប្រកាសប្រាប់នេះ បានបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងៗដល់ទំនាក់ទំនងរវាងឥណ្ឌា និងកាណាដា បន្ទាប់ពីប្រទេសទាំង២ ចាប់ផ្ដើមកើតវិវាទជាមួយគ្នា ក្រោយពីប្រទេសកាណាដា ដាក់ការសង្ស័យ ចំពោះភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាថា មានសួនរួមក្នុងឃាតកម្មកាលពីមិថុនា នៅកាណាដា លើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar ដែលឥណ្ឌាបានចាត់ទុកជា «ភេរវករ»។
ដោយដកស្រង់សំដីពីបុគ្គល ដែលដឹងពីការទាមទាររបស់ឥណ្ឌានេះ សារព័ត៌មាន Financial Times បានឲ្យដឹងថា ឥណ្ឌាបានគំរាមដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតទាំងអស់នោះ ដែលនៅតែវត្តមានក្រោយថ្ងៃទី១០ ខែតុលា ក្រោយមានការជូនដំណឹងឲ្យចាកចេញនេះ។
សារព័ត៌មាននេះ បានបន្ថែមថា ប្រទេសកាណាដាមានអ្នកការទូតចំនួន ៦២នាក់ ប្រចាំនៅប្រទេសឥណ្ឌា ហើយឥណ្ឌាបាននិយាយថា ចំនួនសរុបគួរតែត្រូវបានបន្ថយមកត្រឹម ៤១នាក់។ ពាក់ព័ន្ធនឹងករណីនេះ ទាំងក្រសួងការបរទេសឥណ្ឌា និងកាណាដា មិនទាន់បានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕