ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា មនុស្ស ៧៥០នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនលើសលប់សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ៧១៦នាក់ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លងថ្មីចំនួន ៣៤នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១០នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៣០នាក់ហើយ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៣១ ៤៦០នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩សរុប ២៤ ០៤២នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៦៥៣នាក់ ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕