
ការបោះឆ្នោតមុនថ្ងៃកំណត់ក្នុងការធ្វើប្រជាមតិនាពេលខាងមុខរបស់ប្រទេសអូស្ត្រាលីស្តីពីសិទ្ធិជនជាតិដើម បានចាប់ផ្តើមហើយសម្រាប់អ្នករស់នៅទីក្រុងស៊ីដនី នាថ្ងៃអង្គារ (ទី៣ ខែតុលា) ដោយការបោះឆ្នោតដំបូងឥឡូវនេះ បានបើកនៅគ្រប់រដ្ឋ និងដែនដីទាំងអស់។
គេបានឃើញថា អ្នកស្ម័គ្រចិត្តសម្រាប់យុទ្ធនាការទាំង «Yes & No» (ព្រម និងមិនព្រម) បានចែកខិត្តប័ណ្ណ នៅខាងក្រៅមណ្ឌលបោះឆ្នោត ខណៈដែលប្រជាពលរដ្ឋបានចូលទៅបញ្ចេញការយល់ឃើញរបស់ពួកគេតាមរយៈសន្លឹកឆ្នោត។
បើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន Guardian Essential បានឲ្យដឹងថា ទោះបីជាការគាំទ្រសម្រាប់ការបោះឆ្នោតប្រជាមតិ បានចាប់ផ្តើមកើនឡើងក៏ដោយ ក៏អ្នកបោះឆ្នោតភាគច្រើននៅតែមានបំណងបោះឆ្នោត «No» (មិនយល់ព្រម) ក្នុងការធ្វើប្រជាមតិថ្ងៃទី១៤ ខែតុលា។ ហើយបើតាមអ្នកវិភាគនយោបាយ និងអ្នកជំនាញប្រឆាំងព័ត៌មានក្លែងក្លាយ បានឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត បានរួមចំណែកដល់កង្វះខាតនៃការគាំទ្រនៃការផ្ដល់សំឡេងនេះ។
គួរបញ្ចាក់ដែរថា ការកែប្រែរដ្ឋធម្មនុញ្ញ គឺជារឿងដ៏លំបាកគួរឲ្យកត់សម្គាល់ ហើយមានតែការបោះឆ្នោតប្រជាមតិចំនួន ៨លើកប៉ុណ្ណោះ ដែលទទួលបានការអនុម័ត ចាប់តាំងពីឆ្នាំ១៩០១ នៅពេលដែលប្រទេសនេះ ត្រូវបានបង្កើតឡើង។ សំណើនេះត្រូវតែទទួលបានសំឡេងភាគច្រើននៅទូទាំងប្រទេស ហើយយ៉ាងហោចណាស់រដ្ឋចំនួន៤ ក្នុងចំណោមរដ្ឋទាំង៦ ត្រូវតែគាំទ្រការកែប្រែនេះ៕