
ពិធីករកម្មវិធីកម្សាន្តពេលរាត្រី លោក Stephen Colbert និងលោក Jimmy Kimmel បាននាំយកកម្មវិធីរបស់ពួកគេឲ្យមាននៅលើកញ្ចក់ទូរទស្សន៍វិញហើយ កាលពីថ្ងៃចន្ទ (ទី២ ខែតុលា) បន្ទាប់ពីអ្នកនិពន្ធរបស់ក្រុមហ៊ុនហូលីវូដ បានបញ្ចប់ការធ្វើកូដកម្ម កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា)។
តារាកំប្លែងទាំង២ បានបញ្ឈប់ការផលិតកម្មវិធីនេះ កាលពីខែឧសភា នៅពេលដែលកូដកម្ម បានចាប់ផ្តើមកើតមាន ហើយនៅចុងខែសីហា បានបង្កើតយុទ្ធនាការផតឃេស (ជាសំឡេង) មួយ ដែលមានឈ្មោះថា «Strike Force Five» ដោយប្រាក់ចំណូលដែលរកបាននឹងផ្ដល់ឲ្យបុគ្គលិកអត់ការងារធ្វើ។
សូមរំលឹកថា សមាជិកប្រហែល ១១.៥០០នាក់នៃសហជីព Writers Guild of America (WGA) បានធ្វើកូដកម្មនៅដើមខែឧសភា បន្ទាប់ពីមិនបានឈានដល់កិច្ចព្រមព្រៀងការងារថ្មីជាមួយស្ទូឌីយោហូលីវូដធំៗ ដែលផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍។ សហជីពតារាសម្ដែង SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដ ដែលមានសមាជិក ១៦០.០០០នាក់ បានឈប់ពីការងារ កាលពីខែកក្កដា។
សហជីពអ្នកនិពន្ធរបស់ក្រុមហ៊ុនហូលីវូដ បានឲ្យដឹងថា សមាជិករបស់ខ្លួនអាចវិលត្រឡប់ទៅធ្វើការវិញ ខណៈពេលដែលពួកគេសម្រេចចិត្តថា តើត្រូវយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ ដែលផ្តល់ការដំឡើងប្រាក់ឈ្នួល និងការការពារមួយចំនួន ជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀតដែរ ឬយ៉ាងណា៕