
ប្រធានាធិបតីទុយនីស៊ី លោក Kais Saied កាលពីថ្ងៃចន្ទ បានច្រានចោលការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលប្រកាស ដោយសហភាពអឺរ៉ុបក្នុងខែកញ្ញា ដោយនិយាយថា ចំនួនទឹកប្រាក់នេះ គឺតិចតួច ហើយផ្ទុយទៅនឹងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីបីខែកន្លងទៅ។
ការសម្រេចរបស់លោក Saied អាចធ្វើឲ្យប៉ះពាល់ដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» ចាប់ពីខែកក្កដា ដែលរួមមានវិធានការលើការប្រយុទ្ធប្រឆាំងនឹងអ្នកជួញដូរមនុស្ស និងការរឹតបន្តឹងព្រំដែន ហើយដែលបានកើតឡើងក្នុងអំឡុងពេលមានការកើនឡើងយ៉ាងខ្លាំងនៃទូកដែលធ្វើដំណើរទៅកាន់អឺរ៉ុបពីប្រទេសអាហ្វ្រិកខាងជើង។
គណៈកម្មការអឺរ៉ុបកាលពីខែមុន បាននិយាយថា ខ្លួននឹងផ្តល់ជំនួយចំនួន ១២៧ លានអឺរ៉ូ (១៣៣ លានដុល្លារ) ដល់ប្រទេសទុយនេស៊ី ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីទ្វីបអាហ្វ្រិកទៅកាន់អឺរ៉ុប។
លោក Saied បាននិយាយថា៖«ទុយនីស៊ីបដិសេធនូវអ្វីដែលសហភាពអឺរ៉ុប បានប្រកាស មិនមែនដោយសារតែចំនួនតិចតួចនោះទេ... ប៉ុន្តែដោយសារតែសំណើនេះផ្ទុយនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីខែកក្កដា»។