ជប៉ុន៖ សារព័ត៌មាន Mainichi បានរាយការណ៍នៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga មានផែនការបន្ថែមជំនួយចំនួន ៨០០លានដុល្លារសហរដ្ឋអាមេរិកទៅកាន់កម្មវិធីមជ្ឈមណ្ឌល COVAX របស់អង្គការសហប្រជាជាតិ ដែលផ្តល់វ៉ាក់សាំង COVI-19 ទៅដល់បណ្ដាប្រទេសនានាក្នុងតម្រូវការ។

ប្រទេសជប៉ុនបានសន្យារួចហើយនូវទឹកប្រាក់ចំនួន ២០០លានដុល្លារសហរដ្ឋអាមេរិកដល់មជ្ឈមណ្ឌល COVAX ហើយប្រទេសនេះត្រូវបានគេរំពឹងថា ប្រកាសការផ្តល់ជំនួយនៃដូសវ៉ាក់សាំងទៅកម្មវិធីនេះ។ លោក Suga ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលរបស់មជ្ឈមណ្ឌល COVAX តាមប្រព័ន្ធអ៊ីនធឺណិត ដែលចូលរួមដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris, អ្នកផ្តល់ជំនួយមនុស្សធម៌លោក Bill Gates និងអ្នកតំណាងមកពីក្រុមប្រទេស G7។ មន្ត្រីរដ្ឋាភិបាលជប៉ុនបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំមានគោលបំណងបំពេញចន្លោះមូលនិធិនូវទឹកប្រាក់ចំនួន ១.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថាបណ្ដាប្រទេស និងអង្គការជាច្រើននឹងជំរុញការសន្យារបស់ពួកគេទាំងថវិកា និងដូសវ៉ាក់សាំងរបស់ពួកគេ។
សមាជិកសភារបស់ប្រទេសជប៉ុន បានជំរុញឲ្យមានការផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំង Astra Zeneca ដល់កោះតៃវ៉ាន់ ដែលកំពុងដោះស្រាយការកើនឡើងការឆ្លងក្នុងស្រុក និងបានចាក់វ៉ាក់សាំងដល់ប្រជាជនតិចជា ២% ក្នុងចំណោមប្រជាជន ២៣.៥លាននាក់៕
អត្ថបទ៖ ប៊ុនថន