
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី៣ ខែតុលា) នេះ បានរាយការណ៍ថា នគរបាលទួរគី បានចាប់ឃុំខ្លួនមនុស្សប្រហែល ១៤៥នាក់ នៅទូទាំងប្រទេសពេញមួយយប់ ដោយសង្ស័យថា មានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) ដែលនៅក្រៅច្បាប់ ពោលគឺ ២ថ្ងៃបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងអង់ការ៉ា ដែលក្រុមសកម្មប្រយុទ្ធ បានអះអាងថា ជាស្នាដៃរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន អ្នកវាយប្រហារ ២នាក់ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដោយបានធ្វើឲ្យអ្នកបំផ្ទុះទាំង ២នាក់នោះ ស្លាប់ និងមន្ត្រីនគរបាល ២នាក់ រងរបួស។ ក្រុមសកម្មប្រយុទ្ធរបស់គណបក្ស PKK ដែលមិនស្របច្បាប់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ។
ភ្លាមៗប៉ុន្មានម៉ោងបន្ទាប់ពីក្រុម PKK បានអះអាងទទួលខុសត្រូវរបស់ខ្លួន ជាការឆ្លើយតប ទួរគីបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងបានឃាត់ខ្លួនជនសង្ស័យ នៅទីក្រុងអ៊ីស្តង់ប៊ុលពេញមួយយប់ ។ ប្រតិបត្តិការថ្មីចុងក្រោយបំផុតរបស់នគរបាល បានផ្តោតទៅលើខេត្ត Sanliurfa នៅភាគអាគ្នេយ៍ប្រទេសតួកគី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បានឲ្យដឹងតាមរយៈវេទិកាបណ្ដាញសង្គម X នៅថ្ងៃអង្គារនេះថា ប្រតិបត្តិការចំនួន៤៦៦ ត្រូវបានអនុវត្តប្រឆាំងនឹង «អង្គភាពស៊ើបការណ៍» នៃក្រុមសកម្មប្រយុទ្ធឃឺដ PKK នៅទូទាំងប្រទេស។ លោកបន្ថែមថា ជនសង្ស័យ ៥៥នាក់ ត្រូវបានឃុំខ្លួន ក្នុងខេត្តចំនួន១៦៕