
ក្រោយការជជែកដេញដោលអស់រយៈពេលច្រើនឆ្នាំ ការងារសាងសង់ដើម្បីប្រែក្លាយផ្ទះជាទីដែលលោកសេនាប្រមុខ អាដុល ហ៊ីត្លែរកើត ទៅជាស្ថានីយ៍នគរបាលនោះ បានចាប់ផ្តើមហើយកាលពីថ្ងៃចន្ទ ។
ជម្លោះសាធារណជនរយៈពេលច្រើនឆ្នាំ បានកើតឡើងជុំវិញតែសំនួរលើវិធីសាស្រ្តល្អបំផុតក្នុងការការពារផ្ទះមួយនេះ ឲ្យក្លាយជាទីតាំងធម្មយាត្រាសម្រាប់នេអូ-ណាស៊ី ។
គួរឲ្យដឹងថា ការសម្រេចចិត្តកែប្រែវាទៅជាស្ថានីយ៍សម្រាប់នគរបាលក្នុងស្រុក ត្រូវបានប្រកាសឡើងកាលពីឆ្នាំ ២០១៩ ដោយក្រសួងមហាផ្ទៃអូទ្រីស ។
អូទ្រីសដែលជាម្ចាស់អចលនទ្រព្យមួយនេះ បានអញ្ជើញក្រុមស្ថាបត្យករមកពីទូទាំងអឺរ៉ុប ដើម្បីដាក់ផែនការសម្រាប់ការរចនាឡើងវិញអគារមួយនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រឆាំងនឹងផែនការនេះ នៅតែកើតមាន ។
ការស្ទង់មតិមួយ ធ្វើឡើងដោយគម្រោងបណ្តើមគំនិតប្រជាជន បានធ្វើការសន្និដ្ឋានថា មានតែ ៦ភាគរយប៉ុណ្ណោះនៃប្រជាពលរដ្ឋអូទ្រីស ឈរខាងការប្រើប្រាស់ទីកន្លែងកំណើតរបស់ជនផ្តាច់ការណាស៊ីរបស់អាល្លឺម៉ង់រូបនេះ ជាស្ថានីយ៍នគរបាល ។
លោក Erich Marschall ដែលចូលរួមគម្រោងស្ទង់មតិមួយនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រជាពលរដ្ឋរស់នៅទីក្រុង Braunau មិនត្រូវបានរួមបញ្ចូលគ្រប់គ្រាន់នោះទេនៅក្នុងការជជែកដេញដោលនេះ ។
បើទោះបីជាលោក ហ៊ីត្លែរ កើតនៅទីក្រុង Braunau កាលពីឆ្នាំ ១៨៨៩ក៏ដោយ ប្រទេសអូទ្រីស បានធ្វើការជំទាស់អស់រយៈពេលច្រើនទសវត្សរ៍មកហើយថា វាគឺជាជនរងគ្រោះដំបូងគេនៃរបបសង្គមជាតិនិយម ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយប្រទេសអាល្លឺម៉ង់របស់លោកហ៊ីត្លែរ កាលពីឆ្នាំ ១៩៣៨ ៕