កំពត ៖ ផ្តើមចេញពីភាពឧស្សាហ៍ព្យាយាម និងជំរុញគាំទ្រដល់កសិផលក្នុងស្រុក អំឡុងពេលកម្ពុជាមានជំងឺកូវីដ-១៩ គ្រួសារគ្រូបង្រៀនម្នាក់ នៅខេត្តកំពត បានឆ្លៀតពេលសាកល្បងរៀនដាំដំណាំ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារដើម្បីរកចំណូលបន្ថែម។ ដោយការព្យាយាម ក្រោយមកពីរឆ្នាំលោកស្រី បានបង្កើនការដាំដុះ និងការចិញ្ចឹមសត្វកាន់តែច្រើន ហើយក្លាយជាកសិដ្ឋានធម្មជាតិចម្រុះមួយ នៅលើផ្ទៃដីប្រមាណជាងបួនហិកតា។
លោកស្រី បាន់ គឹមហ៊ាង ជាគ្រូបង្រៀនរស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ថា ចាប់តាំងពីមានការផ្ទុះចេញនូវជំងឺកូវីដ-១៩នៅកម្ពុជា ការងារបង្រៀនសិស្សមានពេលទំនេរច្រើន ។ លោកស្រី និងគ្រួសារក៏បានពិគ្រោះគ្នា ដើម្បីបង្កើតមុខរបររកចំណូលបន្ថែមនៅអំឡុងពេលប្រឈមមុខនិងវិបត្តិដ៏ពិបាកនេះ។ ក្រោយពិភាក្សារួចក៏នាំគ្នាច្នៃដីស្រែរបស់ខ្លួន ដោយកាយជាប្រឡាយ និងស្រះមួយចំនួន ដើម្បីលើករង សាកល្បងដាំដំណាំដូង ហើយកន្លែងដែលទំនេរ ទុកដាំស្រូវ និងសណ្តែកបាយ។ ក្រោយមក បានស្តាយស្រះ និងប្រឡាយទុកចោល ម្យ៉ាងប្រាក់ចំណូលបានតិចផង ក៏សាកល្បងចិញ្ចឹមត្រីអណ្តែង និងត្រីប្រាបន្ថែម ហើយក៏ចេះតែសមប្រកបដុះដាលបន្តិចម្តងៗ រហូតចិញ្ចឹមដល់បង្កង និងបានពង្រីកពីលក្ខណៈគ្រួសារឲ្យទៅជាកសិដ្ឋានធម្មជាតិចម្រុះមួយ ដាំដំណាំស្ទើរ គ្រប់ប្រភេទដោយមិនប្រើជីគីមីកសិកម្ម។
លោកស្រី បានលើកឡើងថា បច្ចុប្បន្នកសិផលភាគច្រើនពឹងតែលើការនាំចូលមកពីប្រទេសជិតខាង ហើយកសិកម្មក្នុងស្រុកមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើនោះទេ ។ លោកស្រី ជំរុញ និងគាំទ្រដល់ពលរដ្ឋឲ្យចេះប្រើប្រាស់ និងច្នៃដីរបស់ខ្លួន សម្រាប់ធ្វើកសិកម្មឲ្យបានច្រើន ដើម្បីជួយទ្រទ្រង់ដល់សុខភាពផង និងទទួលបានប្រាក់ចំណូលផង ដោយមិនចាំបាច់ប្រឈមហានិភ័យក្នុងការចេញទៅធ្វើការនៅក្រៅផ្ទះនោះទេ ។
លោកស្រី បន្ថែមថា លោកស្រីបានពង្រីកកសិដ្ឋាន និងបានដាំដំណាំបន្ថែមជាច្រើនមុខ និងបន្ថែមការចិញ្ចឹមគោ និងមាន់ ខណៈដែលការចិញ្ចឹមត្រី ចិញ្ចឹមបង្កង និងត្រចៀកកាំទទួលបានផលជាបណ្តើរសម្រាប់ទប់ទល់ការចំណាយលើកម្លាំងឈ្នួលពលកម្មជាង១០នាក់៕
អត្ថបទ ៖អន សារីម