សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយ ដែលមានតម្លៃ ៦៥០លានអឺរ៉ូ ដល់ប្រទេសអេត្យូពី ជិត៣ឆ្នាំ បន្ទាប់ពីខ្លួនបានកាត់បន្ថយជំនួយផ្ទាល់ដល់ប្រទេសអាហ្វ្រិកខាងកើតជុំវិញអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមនេះ។
លោកស្រី ជូតា អឺពីឡៃណិន (Jutta Urpilainen) ស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិបានប្រកាសកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលសន្និសីទកាសែតមួយជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអេត្យូពី លោក អាម៉េដ ស៊ីដេ (Ahmed Side) នៅរដ្ឋធានីអាឌីស អាបេបា (Addis Ababa) កាលពីថ្ងៃអង្គារ។

លោកស្រី អឺពីឡៃណិន បាននិយាយថា៖ «វាដល់ពេលត្រូវធ្វើប្រក្រតីភាពទំនាក់ទំនងបណ្តើរៗហើយ និងកសាងឡើងវិញនូវភាពជាដៃគូពង្រឹងគ្នាទៅវិញទៅមកជាមួយប្រទេសរបស់អ្នក» ដោយពណ៌នាអំពីកញ្ចប់ជំនួយថាជា «ជំហានជាក់ស្តែងដំបូង» ក្នុងដំណើរការនេះ បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់សង្គ្រាម កាលពីខែវិច្ឆិកា ឆ្នាំមុន។

កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបដំបូងមានតម្លៃមួយពាន់លានអឺរ៉ូ (១,០៤ ពាន់លានដុល្លារ) ហើយគ្រោងនឹងផ្តល់ឲ្យអេត្យូពីពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧ ប៉ុន្តែវាត្រូវបានផ្អាកនៅចុងឆ្នាំ ២០២០ បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ទីហ្រ្គេភាគខាងជើង។ សហរដ្ឋអាមេរិក ក៏បានបញ្ឈប់ផ្តល់ជំនួយ និងច្បាប់សម្រាប់ការដាក់ទណ្ឌកម្មផងដែរ៕
