មន្ត្រីពាណិជ្ជកម្មទាំងសងខាងនៃព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ចង់ឲ្យអភិបាលរដ្ឋតិចសាស លោក ហ្គេ្រហ្គ អាប់បូត (Greg Abbott) បញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញ ដែលគ្រប់គ្រងដោយរដ្ឋ ដែលកំពុងបង្កើតការរង់ចាំលើសពី៥ម៉ោងនៅក្នុងអែលប៉ាសូ ( El Paso)និង អ៊ីហ្គល ផាស (Eagle Pass)។

ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារអាជ្ញាធរសហរដ្ឋអាមេរិក បានផ្លាស់ប្តូរបុគ្គលិកគយទៅបំពេញកិច្ចការអន្តោប្រវេសន៍ និងបិទផ្លូវឆ្លងកាត់មួយចំនួននៅច្រកចូល ចំពេលមានការកើនឡើងនៃជនអន្តោប្រវេសន៍។
មន្ត្រីព្រំដែន បាននិយាយថា ខណៈពេលដែលលំហូរជនអន្តោប្រវេសន៍ មានផលប៉ះពាល់ដល់ប្រតិបត្តិការ ការត្រួតពិនិត្យរបស់រដ្ឋ ដែលគ្រប់គ្រងដោយនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស (DPS) កំពុងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្ម។
លោក Homero Balderas អ្នកគ្រប់គ្រងទូទៅនៃប្រព័ន្ធអន្តរជាតិនៅទីក្រុងអ៊ីហ្គល ផាស បានប្រាប់ សារព័ត៌មាន Freight Waves ថា៖«ការត្រួតពិនិត្យរបស់នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស (DPS)កំពុងធ្វើឲ្យលំហូរចរាចរពាណិជ្ជកម្មថយចុះ។ យើងមានការធ្លាក់ចុះនៃចំនួនរថយន្តដឹកទំនិញពី៨៥០ ក្នុងមួយថ្ងៃ មកនៅក្រោម៤០០គ្រឿង ដោយសារតែការពន្យារពេលនៃការត្រួតពិនិត្យ។ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធស្ពាននៅទីក្រុងអ៊ីហ្គល ផាស យ៉ាងខ្លាំង ហើយសំខាន់ជាងនេះទៅទៀត គឺខ្សែសង្វាក់ផ្គត់ផ្គង់។

