រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះ គ្មានគម្រោងកែណ្ឌកម្លាំងទ័ពថ្មីសម្រាប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈទាហានជាង៣៣៥.០០០នាក់ បានចុះឈ្មោះនៅឆ្នាំនេះ សម្រាប់ការប្រយុទ្ធ ក្នុងកងកម្លាំងប្រដាប់អាវុធ ឬអង្គភាពស្ម័គ្រចិត្ត ។

រុស្ស៊ី បាននិងកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងពន្លឿនការផលិតអាវុធ ក្នុងក្ដីរំពឹងពីការអូសបន្លាយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ជាទីដែលស្ថានភាពនៅសមរភូមិនានា បានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
លោក ស៊យហ្គូ ( Shoigu)បានប្រាប់ក្រុមឧត្ដមេសនីយជាន់ខ្ពស់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា រុស្ស៊ី គ្មានគម្រោងកែណ្ឌកម្លាំងបន្ថែមទៀតទេ ។ កងកម្លាំងប្រដាប់អាវុធមានចំនួនបុគ្គលិកយោធាចាំបាច់គ្រប់គ្រងក្នុងការធ្វើប្រតិបត្តិការសឹកពិសេស។
ប្រមុខការពារជាតិរូបនេះ និយាយថា ចាប់តាំងពីដើមឆ្នាំនេះ មនុស្សជាង៣៣៥.០០០នាក់ បានចូលបម្រើកងទ័ពក្រោមកិច្ចសន្យា និងក្នុងទម្រង់ស្ម័គ្រចិត្ត ។គ្រាន់តែនៅក្នុងខែកញ្ញា ពលរដ្ឋជាង៥០.០០០នាក់ បានចុះកិច្ចសន្យាបម្រើទ័ព ។
គួររម្លឹកថា លោក Putin បានបញ្ជាឲ្យកែណ្ឌកម្លាំងដោយផ្នែកនៃទាហានបម្រុងចំនួន៣០០.០០០នាក់ កាលពីខែកញ្ញាឆ្នាំមុន ដែលជំរុញឲ្យបុរសវ័យជំទង់រាប់ម៉ឺននាក់ រត់គេចខ្លួនចេញពីប្រទេសរុស្ស៊ី គេចពីការចាប់បញ្ជូនទៅប្រយុទ្ធក្នុងសមរភូមិសង្រ្គាមនៅអ៊ុយក្រែន៕
