ប្រទេសរុស្ស៊ីបានបង្កើតគណៈកម្មការត្រួតពិនិត្យឯករាជ្យមួយ នៅក្នុងតំបន់ចុងបូព៌ារបស់ខ្លួន ដើម្បីត្រួតពិនិត្យផលប៉ះពាល់នៃទឹកកខ្វក់នុយក្លេអ៊ែរ ដែលបញ្ចេញដោយប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងមហាសមុទ្រ។

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសារធាតុវិទ្យុសកម្មដូចជាសារធាតុទ្រីទីចូម នៅក្នុងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រ និងសុខភាពមនុស្ស ហើយប្រទេសនេះ កំពុងពិចារណាលើការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយសារខ្លាចមានការចម្លងរោគវិទ្យុសកម្មតាមរយៈនោះ។
បេសកកម្មវិទ្យាសាស្ត្រដែលបញ្ចូនដោយគណៈកម្មាធិការនេះ បានបង្កើតចំណុចត្រួតពិនិត្យជាច្រើននៅក្នុងដែនទឹកនៃប្រទេសជប៉ុន ដើម្បីយកគំរូទឹកសមុទ្រ ដី និងខ្យល់នៅក្បែរនោះ។
ទោះបីជាមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុនថា សារធាតុវិទ្យុសកម្មទ្រីទីចូម ជាសារធាតុពិបាកចម្រោះក៏ដោយ ក៏ប្រតិបត្តិកររោងចក្រ TEPCO បានសម្រេចបញ្ចេញទឹកសំណល់នុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ព្រមទាំងការប្រឆាំងយ៉ាងខ្លាំងពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

