បាល់ទាត់៖ លោក Carlo Ancelotti បានចាកចេញពីក្លិបអង់គ្លេស Everton ហើយដើម្បីទៅដឹកនាំក្រុមយក្សអេស្ប៉ាញ Real Madrid ជាលើកទី២។ បុរសវ័យ ៦១ឆ្នាំអ៊ីតាលីដែលធ្លាប់ដឹកនាំ Real Madrid ពីរឆ្នាំនៅឆ្នាំ២០១៣ ដល់ ២០១៥ នោះបានចាកចេញពីកីឡដ្ឋាន Goodison Park របស់ Everton ក្រោយកាន់តំណែងបាន ១៨ខែ។

ការចាកចេញរបស់ Carlo Ancelotti មានន័យថា Everton នឹងត្រូវស្វែងរកអ្នកចាត់ការថ្មីទី ៦ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ Carlo Ancelotti បានចុះហត្ថលេខាដឹកនាំ Real Madrid ៣ឆ្នាំ និងហៅការផ្លាស់ប្តូរនេះថា ជាឱកាសដែលមិនមានការរំពឹងទុកមុនឡើយ តែលោកចាត់ទុកថា វាពេលវេលាសមស្របមួយផងដែរសំរាប់រូបលោកផ្ទាល់ និងក្រុមគ្រួសារ។ Real Madrid នឹងបង្ហាញលោក Carlo Ancelotti នៅចំពោះមុខអ្នកសារព័ត៌មានថ្ងៃពុធនេះ។ Everton នៅពេលនេះកំពុងខ្នះខ្នែងរកអ្នកចាត់ថ្មីភ្លាមៗផងដែរ ដែលក្នុងនោះមានអ្នកចាត់ការ West Ham បច្ចុប្បន្នលោក David Moyes ស្ថិតក្នុងគោលដៅត្រលប់មក Everton វិញ ក៏ដូចជាអតីតអ្នកចាត់ការ Wolves លោក Nuno Espirito Santo ក៏ស្ថិតក្នុងបញ្ជីរបស់ Everton ផងដែរ៕
អត្ថបទ៖នាង សុភាវុធ