ចាប់តាំងពីគ្រោះទឹកជំនន់ដ៏មហន្តរាយ បានលេបត្របាក់តំបន់ទាំងមូលនៃទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន ជាមួយនឹងសាកសពជាង៤.០០០នាក់មកទល់ពេលនេះមក អ្នករស់រានមានជីវិតនៅតែបន្តស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។ ពួកគេមិនរំពឹងថានឹងអាចរកឃើញពួកគេនៅរស់ទេ ប៉ុន្តែពួកគេចង់កប់អ្នកទាំងនោះឲ្យបានត្រឹមត្រូវដើម្បីឱ្យមានផ្នូរសម្រាប់កាន់ទុក្ខ។

លោក Abdulsalam al-Kadi វ័យ៤៣ឆ្នាំ ដែលបានចំណាយរយៈពេលពីរថ្ងៃក្នុងការធ្វើដំណើរទៅទីក្រុង Derna ពីលំនៅឋានថ្មីរបស់លោកនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឪពុក និងបងប្រុសរបស់ខ្លួន បាននិយាយថា «ខ្ញុំគិតថាប្រហែលជាសមុទ្របានបោកបក់យកពួកគេទៅក្នុងទឹក ហើយប្រហែលជាពួកគេជាប់នៅក្រោមកំពង់ផែ ប៉ុន្តែគ្រាន់តែរកមិនទាន់ឃើញ»។
រយៈពេលបីសប្តាហ៍ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់ពាន់នាក់មក អ្នកនៅរស់រានមានជីវិតជាច្រើនមិនទាន់រកឃើញមនុស្សជាទីស្រលាញ់របស់ពួកគេទេ ខណៈក្រុមបក្សគូប្រជែងរបស់ប្រទេសលីប៊ីបាននឹងកំពុងជជែកវែកញែកអំពីថា អ្នកណាដែលត្រូវស្តីបន្ទោសចំពោះគ្រោះមហន្តរាយនេះ និងមធ្យោបាយកសាងទីក្រុងដែលខូចនោះឡើងវិញ។
ឥឡូវនេះ ក្រុមគ្រួសារជាច្រើនប្រឈមមុខនឹងការរំពឹងទុកថា ពួកគេមិនអាចរកឃើញថាមានអ្វីកើតឡើងចំពោះឪពុកម្តាយ កូនៗ ឬសាច់ញាតិផ្សេងទៀតរបស់ពួកគេនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណសាកសពក៏ដោយ ខណៈសាកសពជាច្រើនត្រូវបានកប់យ៉ាងប្រញាប់ប្រញាល់នៅក្នុងផ្នូរដ៏ធំមួយដោយប្រើរូបថត ឬការធ្វើតេស្តឌីអិនអេ (DNA) ជាដើម៕

