ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមីណេ (Ayatollah Ali Khamenei) បាននិយាយថា បណ្តាប្រទេសដែលស្វែងរកការធ្វើប្រក្រតីភាព ទំនាក់ទំនងជាមួយអ៊ីស្រាអែល «នឹងបរាជ័យ»។

លោក ខាមីណេ មិនបានបង្ហាញឈ្មោះនៃប្រទេសទាំងនោះទេ ប៉ុន្តែក្តីសង្ឃឹមដែលថា ប្រទេសអ៊ីស្រាអែល អាចនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយនឹងគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ គឺអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែង មានទីសក្ការបូជាដ៏ពិសិដ្ឋបំផុតចំនួនពីររបស់សាសនាឥស្លាម មានការកើនឡើង នៅក្នុងខែនេះ។
លោកខាមីណេ បាននិយាយថា៖«ជំហរច្បាស់លាស់របស់សាធារណរដ្ឋឥស្លាម គឺបណ្តាប្រទេសដែលបង្កើតឱកាសនៃការធ្វើប្រក្រតីភាពទំនាក់ទំនងមួយអ៊ីស្រាអែល នឹងបរាជ័យ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាការឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកខាមីណេថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ប្រទេសនានាក្នុងតំបន់ពីការបង្រួបបង្រួមទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងបរាជ័យ ដោយលើកឡើងពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់ក្នុងឆ្នាំ ២០២០។
