សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបសន្ទនាតាទូរស័ព្ទជាមួយក្រុមមេដឹកនាពិភពលោកជាសម្ព័ន្ធមិត្តមួយចំនួនកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសភា បានអនុម័តសំណើកញ្ចប់មូលនិធិជួយរដ្ឋាភិបាលរយៈពេលខ្លី ដែលពុំបានរាប់បញ្ចូលជំនួយសម្រាប់ប្រទេសនេះទេអំឡុងសង្រ្គាមជាមួយរុស្ស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកប្រធានាធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដូចជាខ្លួនបានការពារខ្លួនឯងរហូតដល់ទីបញ្ចប់ ដូចដែលមេដឹកនាំផ្សេងទៀតបានបានសន្យាអំឡុងការសន្ទនានោះ ។
ក្រុមមេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងប្រព័ន្ធសព្វាវុធដែលខ្លួនត្រូវការដើម្បីការពារទឹកដីរបស់ខ្លួន និងដើម្បីបន្តពង្រឹងការការពារដែនអាកាសអ៊ុយក្រែន នៅពេលដែលពួកគេត្រៀមសម្រាប់ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមអំណាននៃការសន្ទនារបស់សេតវិមាន ក្រុមនេះក៏បានបញ្ជាក់ផងដែរពីកិច្ចការដែលនៅតែបន្តដើម្បីអនុវត្តន៍ និងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយគាំទ្រការស្រោចស្រង់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ព្រមទាំងរួមគ្នាជាមួយសហគមន៍ពិភពលោកដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល សេដ្ឋកិច្ច និងសន្តិសុខស្បៀង បណ្ដាលមកពីសង្រ្គាមរបស់រុស្ស៊ី ។
ជំនួបនេះ កើតឡើងស្របពេលក្ដីបារម្ភពីមន្ទីរបញ្ចកោនអំពីកង្វះធនធានក្នុងការបញ្ជូនឲ្យអ៊ុយក្រែន ខណៈប្រទេសនេះ ព្យាយាមបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន៕
