ពលរដ្ឋនីហ្សេ ភ្ញាក់ឡើង បានឃើញសារព័ត៌មានដែលនិយាយថា ទាហាននីហ្សេយ៉ាងហោចណាស់២៩នាក់ស្លាប់ ក្នុងការវាយប្រហារដោយក្រុមបះបោរប្រដាប់អាវុធ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសម៉ាលី។

យោងតាមអំណានសេចក្តីថ្លែងការណ៍ នៅលើទូរទស្សន៍នីហ្សេបានឲ្យដឹងថា ទាហាន២៩នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់។ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង ខណៈប្រទេសនីហ្សេ កាន់ទុក្ខទាហានស្លាប់ទាំង២៩នាក់។
មនុស្សជាច្រើនបានចូលរួមរំលែកទុក្ខសម្រាប់ទាហានដែលបានស្លាប់ ខណៈអ្នកផ្សេងទៀតបារម្ភថា រដ្ឋាភិបាលថ្មី ពុំអាចមានសមត្ថភាពបញ្ឈប់ភាពអសន្តិសុខនៅក្នុងប្រទេសនេះ។
ក្រសួងការពារជាតិ បាននិយាយថាទាហានជាច្រើន បានវិលត្រលប់ពីប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ នៅពេលពួកគេត្រូវបានដាក់គោលដៅដោយអ្នកវាយប្រហារជាង១០០នាក់ ជិះតាមយានយន្ត និងម៉ូតូ ដោយប្រើប្រាស់ឧបករណ៍បំផ្ទុះ និងគ្រាប់បែកអត្តឃាត។