ទីបំផុតខ្សែប្រយុទ្ធប្រេស៊ីល Neymar រកបានគ្រាប់បាល់ដំបូងហើយតាំងពីផ្លាស់មកកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ៣-០ លើក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Nassaji Mazandaran នៅក្របខណ្ឌ AFC Champions League។

ការប្រកួតនៅកីឡដ្ឋាន Azadi ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់អតីតខ្សែប្រយុទ្ធ Fulham, Aleksandar Mitrovic ជាអ្នកបើកការនាំមុខឱ្យ Al-Hilal នៅនាទីទី ១៨ មុនពេលដែលម្ចាស់ផ្ទះបាត់បង់កីឡាករម្នាក់នៅពេល VAR ឆែកឃើញពីកំហុសរបស់ Amir Mohammad Houshmand ក៏ទទួលបានកាតក្រហមបណ្តេញចេញ។

ចូលវគ្គទី ២ Neymar ក៏រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទីទី ៥៨ មុនពេលដែល Saleh Al Shehri បន្ថែមគ្រាប់ចុងក្រោយឱ្យ Al-Hilal ឈ្នះនៅទឹកដី Nassaji ៣-០ និងជាបីពិន្ទុដំបូងនៅ AFC Champions League បន្ទាប់ពីស្មើប្រកួតដំបូងទល់នឹង Navbahor។

ក្រុមអ៊ូសប៊ែគីស្ថាន Navbahor ក៏រកបានជ័យជំនះដំបូងដែរ ក្រោយយកឈ្នះក្រុមឥណ្ឌា Mumbai City FC ៣-០ ដូចគ្នាយប់មិញនេះដើម្បីឈរលើគេមាន ៤ ពិន្ទុដូចគ្នានឹង Al-Hilal។
នៅភាគខាងលិចនេះផងដែរ Al Ain របស់អារ៉ាប់រួមបានឡើងឈរលើគេក្នុងពូល A ក្រោយយកឈ្នះក្រុមទួកមែនីស្ថាន Ahal ៤-២ ខណៈក្រុមអ៊ូបែគីស្ថាន Pakhtakor ចាញ់ Al Fayha របស់អារ៉ាប៊ីសាអ៊ូឌីត ២-០៕ អត្ថបទ៖នាង សុភាវុធ


