លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងអំណរគុណដល់សមភាគីកេនយ៉ារបស់លោក នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសម្រាប់ការយល់ព្រមដឹកនាំបេសកកម្មពហុជាតិ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសហៃទី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។

ប៉ុន្តែរដ្ឋបាលលោកបៃដិន នៅតែមិនទាន់បានរៀបរាប់លម្អិតអំពីជំនួយ ដែលបានសន្យាចំនួន ២០០លានដុល្លាររបស់ខ្លួនក្នុងការជួយដល់បេសកកម្មនេះ ដោយប្រាប់សារព័ត៌មាន McClatchy និង Miami Herald ថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដែលនឹងនាំយកធនធានអ្វីមកទទួល។ សារព័ត៌មានThe Herald បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ប្រទេសរាប់សិបមកពីតំបន់ការ៉ាអ៊ីប និងអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងអឺរ៉ុប ដែលបានសន្យាជួយបេសកកម្មដោយការបញ្ជូនបុគ្គលិក ការផ្តល់ឧបករណ៍ ឬថវិកា។
សេតវិមាន បាននិយាយថា លោកបៃដិនបាននិយាយជាមួយប្រធានាធិបតីកេនយ៉ាលោក លោក វីល្លៀម រូតូ (William Ruto) ដើម្បីអរគុណគាត់សម្រាប់ការឆ្លើយការអំពាវនាវរបស់ហៃទីឲ្យបម្រើជាប្រទេសនាំមុខនៃបេសកកម្មគាំទ្រសន្តិសុខពហុជាតិ«ដែលនឹង»នាំមកនូវការធូរស្បើយដល់ប្រជាជនហៃទី ដែលបានរងទុក្ខជាយូរមកហើយ នៅក្នុងកណ្ដាប់ដៃរបស់ក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅ»។
