មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលានេះថា ក្មេងជំទង់ម្នាក់ដែលសង្ស័យថាបានសម្លាប់ជនបរទេសពីរនាក់ និងធ្វើឲ្យរងរបួសមនុស្សប្រាំនាក់ផ្សេងទៀត ក្នុងការបាញ់ប្រហារនៅផ្សារទំនើបប្រទេសថៃ បានកែកាំភ្លើងខ្លីតម្រូវតាមការបាញ់លេងនៅទីលំហ។

ភាពវឹកវរ បានផ្ទុះឡើងនៅផ្សារទំនើប ស្យាម ប៉ារ៉ាហ្គន (Siam Paragon) ក្នុងទីក្រុងបាងកក ជិតដល់ម៉ោងមមាញឹកកាលពីថ្ងៃអង្គារ ដោយមនុស្សរាប់រយនាក់បានរត់ភៀសខ្លួន ខណៈការបាញ់កាំភ្លើងបានផ្ទុះឡើង។ អ្នកស្លាប់គឺជាស្ត្រីពីរនាក់ មកពីប្រទេសចិន និងសហភាពមីយ៉ាន់ម៉ា។ ជនសង្ស័យជាខ្មាន់កាំភ្លើងអាយុ ១៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ។
ឧត្តមសេនីយឯក Samran Nuanma បាននិយាយថា ខ្មាន់កាំភ្លើងបានកែកាំភ្លើងដែលតម្រូវតាមការបាញ់លេងនៅទីលំហ ដើម្បីអាចប្រើប្រាស់គ្រាប់រំសេវបាន។

នគរបាលនិយាយថា ជនសង្ស័យបានទទួលការព្យាបាលផ្លូវចិត្ត ហើយមិនបានលេបថ្នាំនោះទេ។ លោក Torsak Sukvimol ស្នងការនគរបាលជាតិបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅថ្ងៃពុធនេះថា ជាធម្មតាយើងមិនឱ្យជនសង្ស័យនៅរស់នោះទេ។ ករណីនេះគឺជាករណីសិក្សាដ៏សំខាន់មួយសម្រាប់យើង។ យើងត្រូវការព័ត៌មានពីយុវជន។
ឧបទ្ទវហេតុនៅផ្សារទំនើបដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃ អាចជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយការជំរុញវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន។