ភ្នំពេញ៖ បុគ្គលិកនៃអគ្គនាយករដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នតំណាងឲ្យលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តជោតរតនសីលាកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា និងប្រមែប្រមូលផលានិសង្ស ដែលកើតចេញពីសទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិស ជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏បានយកបច្ច័យរបស់លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរគ្រប់៥០០០ព្រះវស្សាផងដែរ។
សូមបញ្ជាក់ថា បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏ដូចជាពុទ្ធបរិស័ទទូទាំងប្រទេសយ៉ាងដូច្នេះដែរ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌ ជារៀងរាល់ឆ្នាំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្ត ឬភូមិបានមូលមតិគ្នាបែងចែកជាវេន ដើម្បីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ បាន ចក់















