ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី នៅថ្ងៃទី៣ខែតុលាម្សិលមិញ បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃនាយកដ្ឋានវាយតម្លៃឯករាជ្យ (IED) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមកពីទីស្នាក់ការកណ្តាលរបស់ ADB នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះ នៅព្រឹកថ្ងៃទី០៤ខែតុលានេះ។
យោងតាមខ្លឹមសារសំណេរដដែល បានបន្តថា ក្នុងកិច្ចប្រជុំក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព ឯកភាព និងស្និទ្ធស្នាល តំណាង IED បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការបានទូលំទូលាយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) និងបណ្តាស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិទាំងអស់ សម្រាប់បម្រើឱ្យយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស និងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម បញ្ជាទឹក និងប្រើប្រាស់ទឹកដោយបច្ចេកវិទ្យាទំនើប៕





