ភ្នំពេញ ៖ ខណៈដែល ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្រោចនៅក្នុងរាជធានីភ្នំពេញ គឺមានបងប្អូនជាជនពិការគ្រប់ទម្រង់ទាំងអស់ ដែលបំរើការងារនៅតាមមូលដ្ឋានអាជីវកម្ម និងអង្គការ សមាគមសង្គមស៊ីវិល ស្ទើរតែទាំងស្រុង នៅរាជធានីភ្នំពេញ បានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងដូសទី១ ដូសទី២ ហើយរួចរាល់។
បើតាម លោក ណាវ ចាន់ថារិទ្ធ ម្ចាស់មូលដ្ឋានអាជីវកម្មម៉ាស្សាជន ពិការ សាខារាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែមិថុនានេះថា នៅក្នុងមូលដ្ឋានអាជីវកម្មរបស់លោក មានជនពិការប្រមាណជាង ២០នាក់ ដែលកំពុងបំរើការងារនៅសាខារាជធានីភ្នំពេញ និងសាខាក្រុងតាខ្មៅខេត្តកណ្តាល គឺបានទៅចាក់វ៉ាក់សាំការពារកូវីដ-១៩ រួចរាល់អស់ហើយ លើកលែងតែបុគ្គលិកពិការចំនួន៣នាក់ ដែលគាត់សុំច្បាប់សម្រាកនៅតាមខេត្តស្រុកកំណើត គឺនៅមិនទាន់បានចាក់។
សម្រាប់ការទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩នេះ បងប្អូនជនពិការបំរើការងារនៅតាមអង្គការសមាគមនានា ទៀតបានថ្លែងថា ភាគច្រើនក្នុងចំណោមបងប្អូនមានពិការភាព គឺបានចាក់វ៉ាក់សាំងលឿន ដោយសារមានការសម្របសម្រួលបានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងពីក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានបងប្អូនមានពិការភាពប្រមាណជាង ៥០ម៉ឺននាក់ ហើយមកដល់ពេលនេះ យើងមិនបានដឹងច្បាស់ថា តើមានបងប្អូន ជាជនពិការចំនួនប៉ុន្មាននាក់បានទៅចាក់វ៉ាក់សាំងនោះទេ ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាល បានប្រកាសចាក់ស្រោចជាសាធារណៈ ហើយបងប្អូនជនពិការអាចអញ្ជើញទៅចាក់នៅទីតាំងណាក៏បាន។
ទោះយ៉ាងណា នៅក្នុងអំឡុងពេលនេះ ឯកឧត្តម ឯម ច័ន្ទមករា បានប៉ាន់ប្រមាណថា មានបងប្អូនជនពិការជាច្រើននាក់ បានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ហើយតាមរយៈខិតខំប្រឹងប្រែងសម្របសម្រួល ពីសំណាកក្រុមលេខាធិការដ្ឋានសកម្មភាពជនពិការ ក៏ក្រសួងសង្គមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងថ្នាក់ជាតិ និងមានការសម្រាប់សម្របសម្រួលពីសំណាកអាជ្ញាធរមូលដ្ឋានតាមឃុំសង្កាត់ តាមភូមិ សហគមន៍ ព្រមអង្គការសមាគមនានា ទៀត គឺបាននិងកំពុងជំរុញអោយបងប្អូនជនពិការដែលមិនទាន់បានទៅចាក់ គឺត្រូវទៅចាក់វ៉ាក់សាំងនេះ អោយបានគ្រប់ៗគ្នា៕
អត្ថបទ ស៊ុម សុខជា