អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គិភ័យម្នាក់បានបាញ់សម្លាប់មិត្តរួមការងារម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់នៅលំនៅឋាន ដែលត្រូវបានភ្លើងឆេះនៅតំបន់ Los Angeles កាលពីថ្ងៃអង្គារ មុនពេលជនសង្ស័យទំនងជាបានធ្វើអត្តឃាតនៅខាងក្រៅផ្ទះក្បែរនោះ មួយសន្ទុះក្រោយមកនៅពេលដែលផ្ទះរបស់គេត្រូវបានភ្លើងឆាបឆេះ។

យោងតាមអង្គភាពពន្លត់អគ្គិភ័យ និងស្នងការនគរបាលតំបន់ខាងលើ ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងភ្លាមៗមុនម៉ោង ១១ព្រឹកនៅស្ថានីយកន្លែងពន្លត់អគ្គិភ័យក្នុងតំបន់សហគមន៍ខ្ពង់រាបវាលខ្សាច់អាក្វាដស៊ី (Agua Dulce) នៅចម្ងាយប្រហែល ៧២គីឡូម៉ែត្រភាគខាងជើងទីក្រុង Los Angeles។ ក្រុមអាជ្ញាធរនិយាយថា ពួកគេមិនទាន់បានកំណត់ពីមូលហេតុ ឈានទៅដល់ការផ្ទុះអាវុធនេះនៅឡើយទេ។ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណ ជាមន្ត្រីពន្លត់អគ្គិភ័យត្រូវបានផ្អាកពីតួនាទី ដែលបានវិលត្រឡប់ទៅកាន់កន្លែងធ្វើការដោយមិនដឹងមូលហេតុ ហើយបន្ទាប់មកបានបាញ់រះលើបុគ្គលិករួមការងារ របស់ខ្លួនចំនួន ២នាក់នៅទីនោះ។
ប្រធានអង្គភាពពន្លត់អគ្គិភ័យតំបន់ខាងលើ បានប្រាប់សន្និសីទសារព័ត៌មានប៉ុន្មានម៉ោងក្រោយកើតហេតុថា ជនរងគ្រោះម្នាក់មានវ័យ ៤៤ឆ្នាំជាវិស្វករពន្លត់អគ្គិភ័យមានបទពិសោធន៍ការងារជាង ២០ឆ្នាំ ត្រូវបានប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារត្រូវគ្រាប់កាំភ្លើងច្រើនគ្រាប់ត្រង់ក្បាលពោះ៕
អត្ថបទ៖ សុខមាន