អាមេរិក ៖ សហភាពអឺរ៉ុប(EU) អាចពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរួមទាំងជំនួយហិរញ្ញវត្ថុជាមួយអាស៊ែរបៃហ្សង់ និងដាក់ទណ្ឌកម្មបុគ្គល ប្រសិនបើស្ថានការណ៍នេះ កាន់តែអាក្រក់ឡើង បន្ទាប់ពីយោធារបស់ទីក្រុងបាគូកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) នេះបើយោងតាមឯកសារសេវាការទូតរបស់EU ។
ឯកសារនេះ បានឲ្យដឹងថា EUអាចពិចារណាឡើងវិញអំពីការចូលរួមផ្នែកនយោបាយ ជំនួយហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការតាមវិស័យ ដោយមិនមានភាពជាក់លាក់ជាងនេះទេ។ វាមិននិយាយអំពីវិស័យថាមពលរបស់ប្រទេសអាស៊ែរបៃហ្សង់ទេ។
កងកម្លាំងអាស៊ែរបៃហ្សង់ បានដណ្តើមកាន់កាប់ដែនដីដែលនៅឆ្ងាយនេះ ដែលមានប្រជាជនភាគច្រើន គឺជនជាតិភាគតិចអាមេនី កាលពីខែមុន ដោយបានបង្កឲ្យមានការជម្លៀសមនុស្សជាង ១០០.០០០ នាក់ទៅកាន់ប្រទេសអាមេនី។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) និងមេដឹកនាំជាច្រើននៃប្លុក២៧ប្រទេស បានថ្កោលទោសប្រតិបត្តិការនេះ។ ប៉ុន្តែអ្នកការទូតនិយាយថា មានការខ្វែងគំនិតគ្នាក្នុងចំណោមបណ្តាប្រទេសEU ជុំវិញថាតើត្រូវចាត់វិធានការការទូត ឬនយោបាយតឹងរ៉ឹងជាងនេះដែរឬយ៉ាងណា។

