កុងហ្គោ ៖ វរសេនីយ៍ឯកយោធាម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សម្រាប់តួនាទីរបស់លោកក្នុងការសម្លាប់ក្រុមបាតុករជាង៥០នាក់ កាលពីខែសីហា។
លោក Col Mike Mikombe អតីតមេបញ្ជាការនៃវរជនកងឆ្មាំសាធារណរដ្ឋ ក្នុងទីក្រុង Goma ត្រូវបានចោទប្រកាន់ពីបទ ចេញបញ្ជាឱ្យបើកការបាញ់ប្រហារលើក្រុមអ្នកតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ។
មេធាវីរបស់លោកបាននិយាយថា លោក Mikombe នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការយោធា។ នោះជាចំនួនអ្នកស្លាប់ច្រើនបំផុត នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងកើតប្រទេសកុងហ្គោ។
គួររម្លឹកផងដែរថា ក្រុមបាតុករដែលបានស្លាប់ទាំងនោះ បានទាមទារឱ្យមានការដកទ័ពរបស់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ពួកគេថា មិនបានការពារជនស៊ីវិល ដែលស្ថិតនៅក្រោមការវាយប្រហារជាច្រើនទសវត្សរ៍ ដោយក្រុមឧទ្ទាមនៅក្នុងតំបន់។
អង្គការសហប្រជាជាតិមានបុគ្គលិកជិត១៨.០០០នាក់ នៅក្នុងប្រទេសកុងហ្គោ រួមទាំងទាហានជាង១២.០០០នាក់ ដែលធ្វើឱ្យវាក្លាយជាបេសកកម្មរបស់អង្គការសហប្រជាជាតិដ៏ធំបំផុតទីពីរ នៅទូទាំងពិភពលោក។
យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ជនស៊ីវិល៥៦នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលបាតុកម្មនោះ ដែលបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិផងដែរ៕

