បាល់ទាត់៖ ក្រុមតោខៀវ Chelsea ដែលទើបឈ្នះជើងឯក UEFA Champions League ថ្មីៗនេះត្រូវបានគេដឹងថា គ្រោងបញ្ចេញកីឡាករ ១០នាក់នៅរដូវក្តៅខាងមុខនេះ។ Chelsea មិនបង្អង់យូរឡើយ ក្នុងការរៀបចំកីឡាករត្រៀមរដូវកាលថ្មីខាងមុខ ខណៈគម្រោងបញ្ចេញកីឡាករទាំង ១០នាក់នេះគឺដើម្បីការនាំចូលកីឡាករថ្មីមកពង្រឹងក្លិប។

ខ្សែប្រយុទ្ធបារាំង Olivier Giroud នឹងជាមនុស្សទី១ ដែលនឹងចាកចេញដោយកិច្ចសន្យារបស់គេ នឹងអស់សុពលភាពនៅខែដំណាច់ខែមិថុនានេះ ខណៈ Fikayo Tomori នឹងចុះហត្ថលេខាទិញផ្តាច់ពី AC Milan នៅពេលខាងមុខនេះ។ Tammy Abraham និង Kurt Zuma ក៏ស្ថិតក្នុងបញ្ជីលក់ចេញដែរ ដោយអ្នកទាំងពីរមិនស្ថិតក្នុងជំរើសរបស់ Thomas Tuchel។ កីឡាករផ្សេងទៀតដែលស្ថិតក្នុងបញ្ជីខ្ចីរដូវកាលកន្លងទៅ សុទ្ធតែប្រឈមលក់ចេញដូចជា Davide Zappacosta, Ross Barkley, Tiemoue Bakayoko, Danny Drinkwater និង Michy Batshuayi រួមជាមួយ Emerson ផងដែរ។

គេមិនទាន់ដឹងថា Chelsea នឹងចំណាយលុយប៉ុន្មាននៅឡើយទេ ក្នុងការនាំចូលកីឡាករថ្មីនៅពេលខាងមុខ ខណៈបញ្ជីកីឡាករស្ថិតក្នុងគោលដៅមានដូចជា Romelu Lukaku, Erling Haaland, Harry Kane, Archraf Hakimi និង Niklas Sule ជាដើម៕
អត្ថបទ៖នាង សុភាវុធ