អាមេរិក ៖ បណ្ដាមេដឹកនាំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ប្រទេសជិតខាងរបស់អ៊ុយក្រែន និងក្រុមប្រទេសដទៃទៀត បានព្រមព្រៀងគ្នាលើភាពចាំបាច់ ក្នុងការបន្តគាំទ្រទីក្រុងគីវ ដើម្បីសម្រេចបានសន្តិភាព ដោយយុត្តិធម៌ និងយូរអង្វែង។
បណ្ដាមេដឹកនាំទាំងអស់ បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទ ដែលត្រូវបានកោះប្រជុំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា)។ ក្រៅពីមេដឹកនាំរបស់ក្រុមប្រទេស G7 មេដឹកនាំប្រទេសប៉ូឡូញ រូម៉ានី និងសហភាពអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការណាតូ (NATO) ក៏បានចូលរួមផងដែរ។
មេដឹកនាំទាំងនោះបានពិភាក្សាអំពីស្ថានភាពចុងក្រោយនៃការលុកលុយរបស់ប្រទេសរុស្ស៊ី ហើយបានបញ្ជាក់ជាថ្មីថា ប្រទេសដែលមានគំនិតដូចគ្នាត្រូវការរួបរួមក្នុងការគាំទ្រ ចំពោះអ៊ុយក្រែន។
ក្នុងនោះ គេឃើញថា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានប្រាប់មេដឹកនាំផ្សេងទៀតថា ទីក្រុងតូក្យូគ្រោងនឹងរៀបចំសន្និសីទស្តីពីការកសាងឡើងវិញរបស់អ៊ុយក្រែន នៅដើមឆ្នាំក្រោយ។ លោក Kishida ក៏បានជំរុញឲ្យមេដឹកនាំទាំងអស់ជួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឲ្យសម្រេចបានសន្តិភាព ដោយផ្អែកលើកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូល G7 នាទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែឧសភា៕

