ឥណ្ឌា ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ទាហានឥណ្ឌាយ៉ាងហោចណាស់ ២៣នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន នៅថ្ងៃពុធ (ទី៤ ខែតុលា) នេះ បន្ទាប់ពីមានទឹកជំនន់ដ៏គំហុកភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ក្នុងរដ្ឋ Sikkim ភាគឦសាន។
ភ្លៀងបានបោកបក់នៅតំបន់ជ្រលងភ្នំចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Gangtok ដែលជារដ្ឋធានីរបស់រដ្ឋ មានទីតាំងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសចិន។
អ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុង Guwahati បាននិយាយថា ទីបញ្ជាការកងទ័ពមួយចំនួន នៅតាមជ្រលងភ្នំ បានរងផលប៉ះពាល់ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងធ្វើបន្ត ដើម្បីបញ្ជាក់ពីព័ត៌មានលម្អិត។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទឹកបានឡើងលិចរថយន្តជាច្រើនគ្រឿង បន្ទាប់ពីមានការបញ្ចេញទឹកពីទំនប់។
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីយោធាម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ភ្លៀងធ្លាក់ឥតឈប់ឈរ និងផ្គររន្ទះ បាន និងកំពុងរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ នៅក្នុងតំបន់៕

