តួកគី ៖ លោកប្រធានាធិបតី តាយីប អេរដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា នឹងមានជំហានជាក់ស្តែងពីក្រុមសម្ព័ន្ធមិត្តក្នុងការគាំទ្រការប្រយុទ្ធប្រឆាំងភេរវកម្មរបស់ប្រទេសទួរគី បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងអង់ការ៉ា កាលពីចុងសប្តាហ៍ ដែលក្រុមសកម្មប្រយុទ្ធឃើដ បានអះអាងទទួលខុសត្រូវ។
លោកអេរដូហ្គែន បាននិយាយ ក្រោយពីនគរបាលទួរគី បានចាប់ផ្តើមការវាយឆ្មក់នៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ដោយបានឃាត់ខ្លួនជនសង្ស័យរាប់សិបនាក់ ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយគណបក្សពលករឃើដ (PKK)ដែលមិនស្របច្បាប់។
លោកបានថ្លែងនៅក្នុងពិធីបើកសម្ពោធអគារក្រុមប្រឹក្សារដ្ឋក្នុងទីក្រុងអង់ការ៉ាថា៖«យើងចង់ឃើញជំហានជាក់ស្តែងពីមិត្តភ័ក្តិ ដែលបន្ថែមលើសារនៃការថ្កោលទោស»។
«ពួកគេគួរតែដឹងថា សេចក្តីថ្លែងការណ៍ដែលថ្កោលទោសអំពើភេរវកម្ម និងលួងចិត្តពួកយើង នឹងមិនអាចព្យាបាលរបួសរបស់យើងបានទេ»។
