ភ្នំពេញ៖ ក្រុមសួនច្បារ និងដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗ នៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិតបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
ដោយជាក់ស្ដែង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រុមសួនច្បារនិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅមូលដ្ឋានខណ្ឌ៧មករា នៅតាមបណ្ដោយផ្លូវលេខ១៦៩ (មុខសាលាវិទ្យាល័យបាក់ទូក) អមសងខាងផ្លូវ ចាប់ពីចំណុចស្តុបក្ដាន់ពីរ រហូតដល់ចំណុច ស្ដុបនាងគង្ហីង។
សូមបញ្ជាក់ផងដែរ មែកឈើធំៗ តែងតែបាំងបិតភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ពិបាកនឹងមើលភ្លើងសញ្ញាបញ្ជាចរាចរណ៍ ព្រោះត្រូវមែកឈើធ្លាក់បាំងស្ទើតែមើលមិនឃើញតែម្ដង ។ បន្ថែមទៀត រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្ទ្រាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលដែលភ្លៀង និងខ្យល់បក់បោកខ្លាំងម្ដងៗ ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថា នៅរដូវកាលនេះ គឺជាវាគឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំនិងខ្យល់កន្ទ្រាក់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តាសូមកុំឈប់ ឬចតនៅក្រោមដើមឈើធំៗ ដែលអាចងាយនឹងរងគ្រោះពីការរលំនិងបាក់មែកឈើ៕
អត្ថបទ ៖ កុម្ភះ



