បារាំង ៖ វិទ្យុអឺរ៉ុបសេរី/Radio Liberty បានរាយការណ៍កាលពីថ្ងៃទី៣ ខែតុលា ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី ខាធឺរីន កូឡូនណា (Catherine Colonna)ថា ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមផ្តល់គ្រឿងយុទ្ធោបរណ៍ដល់ប្រទេសអាមេនី ដើម្បីពង្រឹងសមត្ថភាពការពាររបស់យ៉េរ៉េវ៉ាន់ (Yerevan).
លោកស្រី កូឡូនណា បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងយ៉េរ៉េវ៉ាន់ជាមួយសមភាគីអាមេនីគឺ លោក អារ៉ារ៉ាត់ មីហ្សូយ៉ាន (Ararat Mirzoyan)ថា៖«ប្រទេសបារាំង បានយល់ព្រមចុះកិច្ចសន្យាជាមួយអាមេនីលើការផ្តល់ជំនួយផ្នែកយោធា»។
លោកស្រី បានបន្ថែមថា រហូតមកដល់ពេលនេះ ខ្លួនមិនអាចបញ្ជាក់លម្អិតពីជំនួយយោធាបានទេ។
រដ្ឋមន្ត្រីបារាំងរូបនេះ ក៏បានថ្លែងផងដែរថា ខ្លួនបានស្នើឲ្យប្រមុខការទូតរបស់សហភាពអឺរ៉ុប គឺលោកចូសិប បូរ៉ែល (Josep Borrell) ពង្រីកបេសកកម្មសង្កេតការណ៍នៅក្នុងប្រទេសអាមេនី និងរួមបញ្ចូលនឹងទីក្រុងយ៉េរ៉េវ៉ាន់ នៅក្នុងយន្តការសន្តិភាពអឺរ៉ុបដែលស្រដៀងទៅនឹងការអនុវត្តដោយប្លុកនៅ ប្រទេសម៉ុលដូវ៉ាដែរ។
សេចក្តីថ្លែងការណ៍របស់កូឡូនណា កើតឡើង ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាស៊ែរបៃហ្សង់ បានចាប់ផ្តើមការវាយលុកយោធាប្រឆាំងនឹងអាជ្ញាធរជនជាតិអាមេនីនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងបានបង្កើតការគ្រប់គ្រងពេញលេញលើតំបន់នេះ។

