
ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា ការទាមទារដោយសហភាពអឺរ៉ុបដែលខ្លួនចូលរួមក្នុងការពិគ្រោះយោបល់ក្នុងរយៈពេល«ខ្លីបំផុត»អំពីការស៊ើបអង្កេតលើការឧបត្ថម្ភធនរថយន្តអគ្គិសនី គឺជាការរំលោភសិទ្ធិរបស់ប្រទេសចិន យ៉ាងធ្ងន់ធ្ងរ។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីចិនមិនត្រូវបានផ្តល់ឯកសារពិគ្រោះយោបល់គ្រប់គ្រាន់នោះទេ។
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងស៊ើបអង្កេតថា តើត្រូវដំឡើងពន្ធ ដើម្បីការពារអ្នកផលិតអឺរ៉ុបពី «លំហូរ» នៃការនាំចូលរថយន្តអគ្គិសនី (EV) របស់ចិន ដែលមានតម្លៃថោក ដែលខ្លួននិយាយថា ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋដែរឬទេ?
ក្រសួងបាននិយាយថា ប្រទេសចិន«មិនពេញចិត្តយ៉ាងខ្លាំង» ចំពោះការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ដែលត្រូវបានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃពុធនេះ ដោយសារវាខ្វះភ័ស្តុតាងគ្រប់គ្រាន់ និងមិនអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
ក្រសួងបានបន្ថែមទៀតថា ប្រទេសចិននឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនីតិវិធីស៊ើបអង្កេតរបស់គណៈកម្មការនេះ ហើយនឹងការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន។