ភ្នំពេញះ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខា ធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាវេលាថ្ងៃនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក រង អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីរពេទ្យព្រះកេតុមាលា សំដែងនូវការស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងសហការីទាំងអស់ អញ្ជើញមកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺ(ខ.ភ.ម) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាពេលនេះ ។
ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាន (ខ.ភ.ម) ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល សម្ដែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា ខិតខំប្រឹងប្រែងលះបង់ពុះពារគ្រប់ការលំបាក ទាំងកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ពិនិត្យនិងព្យាបាលដល់យោធិន នាយទាហាន ពលទាហាន នៃ(ខ.ភ.ម) ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកជម្ងឺជនស៊ីវិលផងដែរ នាពេលកន្លងមក ។ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ ពាំនាំនូវបណ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋា ភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃ(ខ.ភ.ម)ជូនចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងយោធិនជម្ងឺ(ខ.ភ.ម)កំពុងសម្រាកព្យាបាលសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឆាប់ជាសះស្បើយពីជម្ងឺដង្កាត់ទាំងឡាយទាំងពួងឆាប់បាន វិលត្រឡប់ទៅកាន់ទីលំនៅឬកងឯកភាពវិញ ដើម្បីបន្តការងារ ។ឯកឧត្តមបន្តថាកងទ័ពគឺជាកម្លាំងស្នូលចាំ បាច់បំផុត ក្នុងខឿនកិច្ចការពារប្រទេសជាតិ មាតុភូមិ និងបូរណភាព ទឹកដីមិនអាចខ្វះបាន ។
ជាមួយគ្នានេះ ឯកឧត្តម លី កុសល ផ្តាំផ្ញើរនិងជំរុញលើកទឹចិត្តដល់វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន ខិតខំកសាង និងអភិវឌ្ឍសមត្ថភាពជំនាញឯកទេសនានា ទទួលបានកាន់ខ្លាំងក្លា និងជោគជ័យដល់ការពិនិត្យព្យាបាលសុខភាពជូនយោធិនជម្ងឺរបួសក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋរបស់យើងតទៅទៀត។
ក្នុងខណៈនោះ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ចែកជូនដល់យោធិនជម្ងឺនៃ (ខ.ភ.ម) មានចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀលផងដែរ ៕ ដោយ ៖ ភារម្យ











