ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្ដា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣នេះ បានព្រមានឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយបញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់ ពាក់ព័ន្ធករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ជាមួយក្រុមអ្នកសារព័ត៌មានមកពីអង្គភាព ៧០០-៩០០ អង្គភាព ពាក់ព័ន្ធទៅនឹងករណីសុំលុយកាក់។
យោងតាមលិខិតព្រមានរបស់រដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ញើជូន ក្រុមហ៊ុន កាស៊ីណូ ថបដោយអិម៉ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែលមានការពាក់ព័ន្ធ ៧០០-៩០០ អង្គភាព បានបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញ ផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។
ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុនទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានដទៃទៀតនៅកម្ពុជា។
ករណីនេះក្រសួងបានព្រមានជាសាធារណៈចំពោះអ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារ ប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និង ក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរស់មិនព្រមចូរខ្លួនរាយការណ៏អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។
ចំណែក ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ក្រសួងបញ្ជាក់ថា គឺត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឱ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នក សារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ករណ៏រឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងបញ្ជាក់ថា ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណ៏នៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះ ខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្រសួងព័ត៌មានបញ្ជាក់សាជាថ្មីថា ការប្រកាសនេះធ្វើជាសាធារណៈ និងក្នុងករណីរឹងរូស មិនរាងចាល ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕ ដោយ ៖ ដារា

