
តុលាការរុស្ស៊ីបានកាត់ទោសអ្នកសារព័ត៌មានទូរទស្សន៍រដ្ឋម្នាក់ឈ្មោះនាង ម៉ារីណា អូស៊ីយ៉ាននីកូវ៉ា ដែលបានសម្រុកចូលក្នុងបន្ទប់ផ្សាយព័ត៌មានដោយកាន់បដាមួយដែលសរសេរថា” ត្រូវបញ្ចប់សង្រ្គាម ហើយពួកគេកំពុងនិយាយកុហកអ្នកហើយ”នោះ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំកន្លះ ដោយកំបាំងមុខនៅថ្ងៃពុធនេះ។
យោងតាមសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលលបណ្តាញតេឡេក្រាមដោយតុលាការថា នាងអូស៊ីយ៉ាននីកូវ៉ា ត្រូវបានរកឃើញមានទោសពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីកងទ័ពរុស្ស៊ី ។
យោងតាមមេធាវីរបស់នាង បានឲ្យដឹងថា នាង អូស៊ីយ៉ាននីកូវ៉ា អាយុ៤៥ឆ្នាំ បានរត់ភៀសខ្លួនចេញពី ប្រទេសរុស្ស៊ីជាមួយកូនស្រីរបស់នាងទៅប្រទេសមួយដែលមិនប្រាប់ឈ្មោះក្នុងប្រទេសអឺរ៉ុប អស់រយៈពេល១ឆ្នាំមកហើយ បន្ទាប់ពីគេចចេញពីផ្ទះពីការតាមចាប់ខ្លួនមក។ ដូច្នេះគ្មានករណីណាមួយដែលនាងត្រូវផ្ដល់ចម្លើយបានឡើយ។
នាងបានចាប់ផ្ដើមតវ៉ារបស់នាងតាំងពីដំបូងរយៈជិត៣សប្ដាហ៍ បន្ទាប់ពីរុស្ស៊ី បានបញ្ជូនទ័ពរាប់ម៉ឺននាក់ចូលក្នុងប្រទេសអ៊ុយក្រែនជិតខាង កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ នូវអ្វីដែលហៅថា ជាប្រតិបត្ដិការយោធាពិសេសនោះ៕