ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព" នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធទិវាគ្រូបងៀន ៥ តុលា ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងរៀបចំប្រារព្ធ ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព" នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»។
កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២០០០ នាក់។
សេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងអប់រំនឹងរៀបចំកម្មវិធីមួយចំនួនដូចជា ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ «ផ្នែកស្មូតកំណាព្យ និងពានរង្វាន់ សម្តេច ព្រះសង្ឃរាជ ជួន ណាត និងផ្នែកតែងនិពន្ធ» ដល់ជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣។ បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១ រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេនៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២។ បឋកថា ស្ដីពី «បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព»។ វេទិកាតុមូលលើប្រធានបទ «ទស្សនៈរួមស្ដីពីសាលារៀនគំរូ»៕ ដោយ ៖ ដារា
