ប្រជាជនសិង្ហបុរី នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ នៅផ្សារទំនើបស្យាមផារ៉ាហ្គន (Siam Paragon) កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា)។
ក្រសួងការបរទេស (MFA) របស់សិង្ហបុរី បានឲ្យដឹង នៅថ្ងៃពុធ (ទី៤ ខែតុលា) នេះ ថា ស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងបាងកក កំពុងទាក់ទងជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីកំណត់ថា តើមានជនជាតិសិង្ហបុរីណាម្នាក់រងរបួស ឬរងផលប៉ះពាល់ដោយផ្ទាល់ពីការបាញ់ប្រហារនេះ ឬទេ។
ក្រសួងការបរទេសបានបន្ថែមថា៖ «បច្ចុប្បន្នមិនមានរបាយការណ៍អំពីជនជាតិសិង្ហបុរីណាម្នាក់ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារនេះឡើយ។ ប្រជាជនសិង្ហបុរី នៅទីក្រុងបាងកក ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ន តាមដានព័ត៌មានក្នុងស្រុក និងគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន»។
សូមបញ្ជាក់ថា មនុស្សរាប់រយនាក់ បានរត់ភៀសខ្លួនចេញពីកន្លែងលក់ទំនិញ កាលពីរសៀលថ្ងៃអង្គារ ខណៈដែលសំឡេងកាំភ្លើង បានលាន់ឡើង នៅផ្សារទំនើបដ៏ធំ និងស្រស់ស្អាតបំផុតរបស់ប្រទេសថៃ។ ស្ត្រី ២នាក់ បានស្លាប់ ដែលម្នាក់មកពីប្រទេសចិន និងម្នាក់មកពីមីយ៉ាន់ម៉ា ហើយមនុស្ស ៥នាក់ រងរបួស។
បន្ទាប់មកជនសង្ស័យជាខ្មាន់កាំភ្លើងវ័យ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន។ នគរបាលថៃបានប្រាប់ថា ក្មេងជំទង់នេះមានជំងឺផ្លូវចិត្ត ហើយបានកែច្នៃកាំភ្លើង ដែលរចនាឡើង ដើម្បីបាញ់ប្រហារកន្លែងគ្មានមនុស្ស៕