អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Yerevan រដ្ឋមន្រ្តីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយថា បារាំងបានយល់ព្រមលើកិច្ចសន្យានាពេលអនាគតជាមួយអាមេនី ដើម្បីផ្គត់ផ្គង់ពួកគេនូវគ្រឿងយុទ្ធោបករណ៍ ដើម្បីជួយធានាវិស័យការពារជាតិរបស់ពួកគេ ។
វាគឹជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអាមេនី ដោយរដ្ឋមន្រ្តីរដ្ឋាភិបាលលោកខាងលិច ចាប់តាំងពីកងកម្លាំងអាស៊ែបៃហ្សង់ ដណ្តើមគ្រប់គ្រងតំបន់ Nagorno-Karabakh ដែលជាតំបន់ជនជាតិដើមភាគតិចផ្តាច់ខ្លួនរបស់អាមេរិកនៅលើទឹកដីអាស៊ែបៃហ្សង់ អំឡុងប្រតិបត្តិការសឹកដូចផ្លេកបន្ទោររបស់ពួកគេ កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅ ។
អ្នកស្រី Catherine និយាយថា ជាការពិតណាស់ថាពាក់ព័ន្ធនឹងស្ថានភាពថ្ងៃនេះ លោកស្រី ចង់បង្ហាញទស្សនៈរបស់គាត់លើស្ថានភាពនៅតំបន់ Nagorno-Karabakh ហើយលោកស្រីចង់និយាយម្តងទៀតថា អ្វីដែលបានកើតឡើង គឺបំពានទាំងស្រុងលើច្បាប់អន្តរជាតិ ។
លោកស្រីបន្តថា លោកស្រីយល់ឃើញពីតម្រូវការលើកឡើងពីស្ថានភាពនេះម្តងទៀត ដោយសារតែពួកយើងបានឮច្រើនលើករួចមកហើយពីអាស៊ែបៃហ្សង់ និងរុស្ស៊ីថា ទាំងនេះ គឺជាការចាកចេញដោយស្ម័គ្រចិត្ត ។ អត់ទេ ទាំងនេះមិនមែនជាការចាកចេញដោយស្ម័គ្រចិត្តនោះទេ វាគឺជាការចាកចេញដោយបង្ខំ ។
ប្រទេសបារាំង និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ មានការព្រួយបារម្ភថា អាមេនី និងរដ្ឋាភិបាលរបស់ពួកគេ អាចនឹងគ្មានស្ថិរភាព ក្រោយសម្ព័ន្ធមិត្តយោធាជាប្រវតិ្តសាស្រ្តរបស់ពួកគេ គឺប្រទេសរុស្ស៊ី ទំនងជាបានបោះបង់ចោលពួកគេ កាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន ។
ទីក្រុងប៉ារីស បានផ្តល់ជូនរួចទៅហើយនូវជំនួយមនុស្សធម៌ជាង ១៣លានដុល្លារដល់ប្រទេសអាមេនី ហើយក្រុមមន្រ្តីបារាំង បានគាំទ្រគំនិតដែលដាក់ទណ្ឌកម្មសហភាពអឺរ៉ុបលើទីក្រុង Baku របស់ប្រទេសអាស៊ែបៃហ្សង់ ៕