សៀមរាប ៖ យោងតាមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងចំណោមប្រាង្គប្រាសាទបុរាណដ្ឋាន សរុបជាង ៥៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ មានបុរាណដ្ឋាន ប្រាង្គប្រាសាទ ស្ថិតក្នុង តំបន់ការពារធម្មជាតិសរុបមានចំនួន ៨៥៧ ទីតាំង។ ក្នុងនោះដែរគ្រាន់តែបុរាណដ្ឋានស្ថិតនៅក្នុង ឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» មានចំនួន ៤២៦ ទីតាំង ។
មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាន បញ្ជាក់ទៀតថា ចំនួនបុរាណដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះអាច នៅមាន ច្រើនទៀតដែល ស្ថិតក្នុងព្រៃជ្រៅមិនទាន់រកឃើញ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងថា ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះកម្ពុជាបច្ចុប្បន្នមានសរុបមានចំនួនជាង ៧០ ទីតាំងនៅក្នុងខេត្តចំនួន ២១ ក្នុងចំណោមខេត្តរាជធានី ២៥ របស់កម្ពុជាមានផ្ទៃដីសរុបទំហំ ៧៣លានហិកតា ស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះមិនត្រឹមតែសម្បូណ៌ ដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងរុក្ខជាតិតូចធំដែលមានតម្លៃផ្នែកប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះនោះទេ តែក៏មានបុរាណដ្ឋានដែលជាជង្រុកនៃ វប្បធម៌ ប្រពៃណីទំនៀម ទំលាប់របស់ជាតិសាសន៍ខ្មែរ ដ៏សម្បូណ៌បែប។
ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងនេះ។ ក្រសួងបរិស្ថានមានយុត្តាធិការលើការគ្រប់គ្រង និងអភិរក្សធន
ធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ។ ចំណែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានតួនាទីក្នុងការអភិរក្សការពារបុរាណដ្ឋាននិងប្រាង្គប្រាសាទក្នុងតំបន់ការពារធម្មជាតិទាំងនោះ ដូចជា ការជួសជុល ថែទាំជាដើម។ នេះគឺជាកិច្ចសហការមួយប្រកបដោយការទទួលខុសត្រូវ ក្នុងនាមរាជរដ្ឋាភិបាលដើម្បី ការពារ និងអភិរក្សសម្បត្តិធម្មជាតិផង និងការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌ផងដែលមានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ប្រាង្គប្រាសាទនិងបុរាណដ្ឋានដែលស្ថិតក្នុងតំបន់ការពារធម្មជាតិបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹង ធនធានធម្មជាតិ។ បុរាណដ្ឋានទាំងនេះ បាននិងកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ផ្សារ ភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងបានកំពុងទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចជាប្រាសាទជាំស្រម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលជាការផ្សារភ្ជាប់រវាងទេសចរណ៍សត្វស្លាបនិងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ពលរដ្ឋខ្មែរ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ពលរដ្ឋទាំងឡាយដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដែលមាន បុរាណដ្ឋាន និងប្រាសាទបុរាណ សូមចូលរួមការពារ និងអភិរក្សឱ្យបានល្អដើម្បីថែរក្សាកេរមរតកដូនតា ខ្មែរឱ្យនៅគង់វង្ស និងអាចផ្តល់ផលប្រយោជន៍ទាំងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការសិក្សា ស្វែងយល់ពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នោះ៕


