អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់នៅលើកោះ កាណារី(Canary) របស់អេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ជាង៦៥០នាក់ បានទៅដល់កោះ អេល ហៀរ៉ូ (El Hierro) តាមទូកឈើធំៗចំនួន ៥គ្រឿង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ សេវាសង្គ្រោះបន្ទាន់របស់កោះនេះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកមួយក្នុងចំណោម ទូក៤គ្រឿងដែលបានទៅដល់កាលពីថ្ងៃអង្គារ បានដឹកជនអន្តោប្រវេសន៍ ចំនួន២៨០នាក់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បាននិយាយថា នេះជាចំនួនដ៏ច្រើនបំផុត នៅក្នុងទូកតែមួយ ចាប់តាំងពីក្រុមអ្នកជួញដូរមនុស្សបានចាប់ផ្តើមប្រើប្រាស់ផ្លូវកោះ Canary ជាប្រចាំកាលពីឆ្នាំ១៩៩៤ ។
ទូកបីផ្សេងទៀតដែលដឹកជនអន្តោប្រវេសន៍កជាង២០០នាក់ក៏បានទៅដល់ កោះ អេល ហៀរ៉ូ កាលពីថ្ងៃអង្គារ ផងដែរ ស្របពេលទូកមួយគ្រឿងទៀតដឹកជនអន្តោប្រវេសន៍ ចំនួន ១២៨ នាក់បានទៅដល់កាលពីថ្ងៃពុធ។ មានតែជនអន្តោប្រវេសន៍៥នាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាល។
ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ផ្សេងទៀតត្រូវស្ទាក់ចាប់បានអំឡុងព្យាយាមពទៅដល់កោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតនៅលើដីគោករបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្រុមជនអន្តោប្រវេសន៍ដែលបានទៅដល់តាមទូកទៅកាន់ប្រទេសអេស្ប៉ាញ បានចំណាយពេលរហូតដល់ ៧២ ម៉ោងក្នុងការឃុំឃាំងរបស់កងកម្លាំងនគរបាល ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាក ឬកន្លែងឃុំឃាំងផ្សេងៗ អាស្រ័យលើករណីរបស់ពួកគេ។ ទោះបីជាអ្នកខ្លះត្រូវបាននិរទេសឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ ភាគច្រើនបានដាក់លិខិតសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេនាំទៅកាន់ដីគោកប្រទេសអេស្ប៉ាញ ដើម្បីដាក់ញត្តិរបស់ពួកគេក្នុងការសិក្សា។យោងតាមទិន្នន័យផ្លូវការ នៅក្នុងខែមករាដល់ខែសីហា ជនអន្តោប្រវេសន៍ ចំនួន ២១. ៧៨០នាក់ ទៅដល់ប្រទេសអេស្ប៉ាញ ជិត ១៥ភាគរយ ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ខែកញ្ញា គឺជាអំឡុងពេលដ៏មមាញឹកបំផុត ក្នុងចំណោមរដូវកាលឆ្លងដែនជាច្រើន ក្នុងការព្យាយាមឆ្លងសមុទ្រទាំងអស់ ដោយសារទឹកមានភាពស្ងប់ស្ងាត់ជាងពេលផ្សេងៗ៕

