ថៃ៖ ប្រមុខនគរបាលថៃបាននិយាយកាលពីថ្ងៃពុធ (៤ តុលា) ថា ប្រទេសថៃនឹងបិទភាពចន្លោះប្រហោងផ្លូវច្បាប់ទាក់ទងនឹងការចាត់ថ្នាក់អាវុធ និងការលក់កាំភ្លើងតាមអ៊ីនធឺណិត នៅក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីក្មេងប្រុសជំទង់ម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារដ៏រន្ធត់ នៅផ្សារទំនើបមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់។
ក្រុមអាជ្ញាធរថៃ បានចោទប្រកាន់ជនដៃដល់ ដែលជាក្មេងប្រុសអាយុ១៤ឆ្នាំរូបនោះ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃពុធ (៤ តុលា) បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដោយប្រើប្រាស់អាវុធដែលនគរបាលនិយាយថាជាកាំភ្លើងខ្លីកែច្នៃ ក្នុងគោលបំណងបាញ់មិនឲ្យចេញគ្រាប់។
ប្រមុខនគរបាលថៃ លោក Torsak Sukvimol បាននិយាយនៅក្នុងបទសម្ភាសទូរទស្សន៍មួយថា កាំភ្លើងដែលប្រើដោយជនដៃដល់វ័យ១៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់នោះ ត្រូវបានកែច្នៃ និងរចនាឡើងដើម្បីបាញ់ជុំទទេដោយមិនឲ្យចេញគ្រាប់ មានន័យថាកាំភ្លើងនោះមិនត្រូវបានចាត់ថ្នាក់ជាអាវុធដ៏សាហាវនោះទេ ហើយអាវុធនោះទំនងជាត្រូវបានទិញតាមអ៊ីនធឺណិត។
លោក Torsak បាននិយាយថា មានកាំភ្លើងបែបនេះ ដែលនាំចូលស្របច្បាប់ជាង១០.០០០ប្រភេទ កំពុងចរាចរនៅក្នុងប្រទេសថៃ ហើយនគរបាលនឹងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីចាត់ថ្នាក់ពួកវាឡើងវិញជាអាវុធគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ការនាំចូលអាវុធប្រភេទនេះ៕


