អូស្ត្រាលី៖ ពលរដ្ឋនៅក្នុងទីក្រុងនានា នៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែគ្មានសុវត្ថិភាពដើម្បីវិលត្រលប់ទៅកាន់លំនៅឋានវិញ ខណៈមានទឹកជំនន់ដ៏គំហុកបន្ទាប់ពីចំហេះព្រៃ ដែលបានបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួន។
ពលរដ្ឋនៅក្នុងតំបន់ជាច្រើន តាមបណ្តោយទន្លេ Macalister នៅរដ្ឋភាគអាគ្នេយ៍ ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួនចេញកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីទឹកបានកើនឡើង ដល់កម្រិតខ្ពស់យ៉ាងគ្រោះថ្នាក់។
អាជ្ញាធរបានព្រមាន ថាអ្នកទាំងឡាយណាដែលបន្តស្នាក់នៅ អាចដាច់អគ្គិសនី ទឹក ប្រព័ន្ធលូបង្ហូរទឹក និងបណ្តាញទូរស័ព្ទ ដោយសារតែទឹកជំនន់។
ទឹកភ្លៀងបានធូស្បើយនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ទឹកក្នុងចំនួនដ៏ច្រើន នៅតែចាំបាច់ត្រូវបង្ហូរចេញតាមប្រព័ន្ធទន្លេ។
អនុប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋVictoria លោក David Baker បាននិយាយថា លំនៅឋានប្រមាណ១៣០ខ្នង បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី សីតុណ្ហភាពខ្ពស់មិនសមស្របតាមរដូវកាល ដែលនាំទៅរកឲ្យមានចំហេះព្រៃ នៅតំបន់តែមួយនេះ។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថាព័ត៌មានល្អគឺថា គ្មានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនោះទេ។ ការព្រមានពីគ្រោះអាសន្ន កំពុងជំរុញឲ្យពលរដ្ឋដែលបានជម្លៀសខ្លួន កុំទាន់ត្រលប់ទៅវិញ នៅនឹងកន្លែង ក្នុងទីក្រុងនានានៅក្នុងតំបន់នេះ៕

