បាល់ទាត់៖ បន្ទាប់ពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ប្រកាសថា ប្រេស៊ីលនឹងជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Copa America ក៏ផ្ទុះការរិះគន់ខ្លាំងពិមជ្ឈដ្ឋានទូទៅ ស្របពេលប្រេស៊ីលនៅប្រឈមខ្លាំងនឹងវិបតិ្ត Covid-19 នៅឡើយ។
យ៉ាងណាក្តីប្រធានធិបតីប្រេស៊ីល លោក Jair Bolsonaro បានចេញការពារការសំរេចចិត្តនេះដោយលើកឡើងថា ការចូលរួមរបស់កីឡាករបាល់ទាត់មកពីជុំវិញ ទ្វីបអាមេរិកខាងត្បូងនេះមិនមែនជាហានិភ័យខ្ពស់ដែលត្រូវប្រឈមនោះទេ ហើយមុននឹងឈានដល់ការសំរេចចិត្តនេះ លោកក៏បានភ្លើងខៀវពីរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលផងដែរ។ ប្រេស៊ីលបានរងការប៉ះទង្គិចខ្លាំងដោយសារវិបត្តិ Covid-19 ដោយមានអ្នកស្លាប់សរុបជាង ៤៦៣០០០នាក់ហើយមកដល់ពេលនេះ។ សូមបញ្ជាក់ថា ប្រេស៊ីលបានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ Copa America បន្ទាប់ពីសហម្ចាស់ផ្ទះទាំងពីរកូឡុំប៊ី និងអាហ្សង់ទីនបានដកខ្លួនបន្តបន្ទាប់គ្នា។
កាលពីខែមុនកូឡុំប៊ីមុនគេ ដែលបានប្រកាសដកខ្លួនមិនរៀបចំដោយសារបញ្ហា Covid-19 និងអស្ថិរភាពនយោបាយ មុនពេលដែលអាហ្សង់ទីនកាលពីថ្ងៃអាទិត្យមួយទៀត ក៏បានប្រកាសដកខ្លួនដែរដោយសារការឆ្លងរាលដាល Covid-19 នៅតែបន្ត និងការកើនឡើងនៃករណីឆ្លង។ ប្រេស៊ីលគឺជាក្រុមការពារតំណែងជើងឯក Copa America នេះ ខណៈការប្រកួតឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមិថុនានេះហើយ៕
អត្ថបទ៖នាង សុភាវុធ