កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាណាព្យាបាលសិស្សកម្រិតបឋមសិក្សាដែលមានអាយុ៩ឆ្នាំគត់ បានសំដែងនូវក្តីរំភើពរីករាយជាពន់ពេក និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតេឲី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនចាក់ជូនកូនចៅពួកគាត់នៅថ្ងៃនេះ ។ នៅព្រឹកនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង៤៥ទីតាំង បានដំណើរការចាក់ជូនកុមារីអាយុ៩ឆ្នាំ ក្នុងខេត្តកំពង់ឆ្នាំង មានប្រមាណជិត៥ពាន់នាក់ផងដែរ។

អាណាព្យាបាលសិស្សានុសិស្សដែលមានកូនស្រីអាយុ៩ឆ្នាំបានអោយដឹងថា៖ ពួកគាត់ពិតជារំភើបណាស់ ពេលឃើញលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក យិន សាវ៉េន អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជម្ងឺមហារីកស្បូន មកចាក់ជូនកូនចៅរបស់ពួកគាត់ក្នុងថ្ងៃនេះដោយមិនគិតថ្លៃឡើយ។ ជាពិសេសពួកគាត់បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុកប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែងដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែរ។ ការចាក់វ៉ាក់សាំងនេះ នៅតាមមន្ទីរពេទ្យឯកជនប្រមាណ៧០ដុល្លាឡើងទៅ តែពេលនេះ សម្តេចធិបតី បានចាក់ជូនដោយឥតគិតថ្លៃទេ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ជំងឺមហារីកមាត់ស្បូន គឺជាជម្ងឺមហារីកដែលជួបញឹកញាប់បំផុត និងជាជំងឺមហារីកទី៤ ក្នុងចំណោមស្ត្រីទូទាំងពិភពលោក ។ ក្នុងឆ្នាំ២០២០ គេរកឃើញជំងឺមហារីកមាត់ស្បូននេះ បានកើតឡើងច្រើននៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

នៅថ្ងៃនេះ ក្រោមការកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានផ្តល់ជូនកុមារីអាយុ៩ឆ្នាំនៅតាមសាលាបឋមសិក្សាទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងប្រមាណជិត៥ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ។ ចំណែកកុមារីដែលមិនបានចូលសាលារៀននៅតាមបណ្តាភូមិនានាមានប្រមាណជិត៣០នាក់ទៀត ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងនេះដែរ៕ កាំង ហុងវាស្នា



