ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួនបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ថ្មីៗដោយជោគជ័យទៅកាន់ទីបញ្ជាការយោធា នៅក្នុងតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាអ្វីដែលខ្លួនបានពិពណ៌នាថាជាការប៉ុនប៉ងដោយនាវាចិន «ដើម្បីរារាំង យាយី និងជ្រៀតជ្រែក»ក្នុងបេសកកម្មនេះក្តី។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចំនួនដ៏ច្រើន»នៃឆ្មាំល្បាតឆ្នេរចិន និងនាវាកងជីវពលដែនសមុទ្រ បានព្យាយាមបញ្ឈប់បេសកកម្មផ្គត់ផ្គង់ឡើងវិញចុងក្រោយបង្អស់ ដែលធ្វើឡើងដោយយោធាហ្វីលីពីន និងឆ្មាំល្បាតឆ្នេរសមុទ្រ កាលពីថ្ងៃពុធ។
ប្រទេសចិន បាននិយាយថា ខ្លួនបានព្រមាននាវាផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរសមុទ្រពីរគ្រឿង ឲ្យចាកចេញពីតំបន់សមុទ្រក្បែរប្រជុំកោះ ណានសា (Nansha) កាលពីថ្ងៃពុធ ហើយដេញតាមនាវាទាំងអស់នោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីឆ្មាំល្បាតឆ្នេរសមុទ្រចិន។
ប្រជុំកោះណានសា គឺជារបៀបដែលទីក្រុងប៉េកាំងហៅថា ប្រជុំកោះស្រ្បាតលី (Spratly) នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និងកោះតៃវ៉ាន់៕

